វិវឌ្ឍន៍នៃទារកនៅក្នុងផ្ទៃ
- សប្តាហ៍ទី១ដល់ទី៤
នៅរយៈពេលពី១០ទៅ ១៤ថ្ងៃបន្ទាប់ពីការបង្កកំណើត ស្ត្រីនឹងមានធ្លាក់ឈាមតិចតួចបំផុតដែលមានរយៈពេលត្រឹមតែ១ថ្ងៃ ដែលធ្វើអោយពួកគាត់គិតថានេះជាការចាប់ផ្តើមមានរដូវ ប៉ុន្តែតាមពិតនោះគឺជាលោហិតនៃការចាប់កំណើត។
ជាបឋម ចំនុចផ្តួចនៅក្នុងអំប៊្រីយ៉ុងនឹងវិវឌ្ឍទៅជាប្រព័ន្ធប្រសាទ (ខួរក្បាល សរសៃពួរឆ្អឹងខ្នង សក់ និងស្បែក) ដែលនេះគឺចំនុចចាប់ផ្តើមដែលធ្វើអោយកូនរបស់អ្នកដែលនៅក្នុងផ្ទៃ នោះមាន វិញ្ញាណនិងអារម្មណ៍។ បេះដូងនិងប្រព័ន្ធរបត់ឈាមរបស់គេចាប់ផ្តើមវិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងកំឡុងពេលនេះ៕
- សប្តាហ៍ទី ៦
- ពន្លកខ្នែងដែលបែកចេញជាដៃនិងជើងរបស់ទារក លូតលាស់ជាលំដាប់។ អ្នកហាក់ដូចជាមើលឃើញថាកន្លែងណាដែលនឹងត្រូវក្លាយទៅជាកែងដៃ និងប្រអប់ជើងរបស់គេ។
- ខួរក្បាលលូតលាស់យ៉ាងល្អ។ មិនដឹងថាតើអ្នកបានដឹងទេថានៅក្នុងកំឡុងពេលនៃការវិវឌ្ឍរបស់ ទារកនៅក្នុងផ្ទៃ កោលិកាខួរក្បាលរបស់គេនឹងត្រូវបង្កើតឡើងរហូតដល់ទៅជាង១០០ពាន់លាន ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ!
- ប្រស្រីភ្នែកចាប់ផ្តើមលេចចេញ។ បើអ្នកក្រលេកមើលរូបភាពខាងលើ អ្នកនឹងមានអារម្មណ៍ថា ទារកដែលនៅក្នុងផ្ទៃរបស់អ្នកមើលទៅលេចចេញសរីរាង្គសំខាន់ៗ ដែលមើលទៅដូចជាទារកពិតៗ។
- រន្ធច្រមុះចាប់ផ្តួចចេញមក នៅទីតាំងដ៏ត្រឹមត្រូវនៅលើផ្ទៃមុខ ហើយមិនយូរប៉ុន្មានសរសៃប្រសាទភ្ជាប់ពីច្រមុះទៅខួរក្បាលនិងលេចឡើង ដែរ។
- ពោះវៀនរីកធំឡើងៗ។ ពីដំបូងសំណុំពោះវៀននេះនៅក្រៅខ្លួនរបស់ទារកគឺនៅក្នុងទងផ្ចិត។
- ចាប់មានលំពែង។ ទារកចាប់ផ្តើមមានមានអង់ស៊ីមជួយរំលាយអាហារ ។
- សប្តាហ៍ទី ៧
- កែងដៃចេញរូបរាងមកច្បាស់។
- ម្រាមដៃចាប់ផ្តើមវិវឌ្ឍ។
- ប្រអប់ចាប់ផ្តើមលេចឡើងជាមួយនឹងស្នាមតូចៗដែលនឹងក្លាយទៅជាក្រចកជើង។
- ត្រចៀក ភ្នែក និង ច្រមុះ ចាប់ផ្តើមលេចរូបរាងឡើង។ ទោះបីជាដំណាក់កាលនេះមើទៅទារកដូចជាមនុស្សភពក្រៅ តែមិនយូរប៉ុន្មានទេសរីរាង្គទាំងនេះនឹងវិវឌ្ឍមកដូចលក្ខណៈធម្មតា
- ពោះវៀនចាប់ផ្តើមរៀបចំបត់បែនទៅតាមទំរង់របស់វាក្នុងទងសុក (ទងផ្ចិត)
- ធ្មេញចាប់ផ្តើមវិវឌ្ឍនៅក្នុងអញ្ចាញ។
- សប្តាហ៍ទី ៨
- ឆ្អឹងខ្ចីនិងគ្រោងឆ្អឹងលេចទ្រង់ទ្រាយឡើង។ នៅចុងនៃសប្តាហ៍នេះ ទារកនៅក្នុងផ្ទៃរបស់អ្នកបំពេញបាន១/៥នៃការលូតលាស់របស់ខ្លួនដែលធៀប នឹងការលូតលាស់ចប់សព្វគ្រប់នៅពេលឃើញពន្លឺព្រះអាទិត្យ។
- ទំរង់គោលនៃភ្នែកចាប់ផ្តើមឡើង។
- អណ្តាតចាប់ផ្តើមស្ថាបនារូបរាងឡើង។
- ពោះរៀនបានប្តូរមកនៅក្នុងពោះរបស់ទារកវិញ។
- ខ្លួនរបស់គេរីកធំឡើងៗ និងមានថង់ទឹកភ្លោះ។
- ម្រាមដៃនិងក្រចកលេចចេញតែមិនទាន់ញែកពីគ្នាច្បាស់ ហើយខ្លី។
- ទារកមានប្រវែងជាមធ្យម ១,៦សង់ទីម៉ែត្រ និងមានទំងន់ ១ក្រាម។
- សប្តាហ៍ទី ៩
- ទារកចាប់ផ្តើមមានចលនា – ដោយសារនៅពេលនេះទារកនៅតូចនៅឡើយទើបបានជាអ្នកមិនមានអារម្មណ៍និង មិនដឹងពីចលនារបស់គេនៅក្នុងផ្ទៃ។ ទារកដ៏តូចរបស់អ្នកចាប់ផ្តើមវៀចចុះវៀចឡើង ប្តូរទីតាំង ចាប់ផ្តើមរាំជាបណ្តើរៗហើយ
- សន្លាក់ឆ្អឹងចាប់ផ្តើមលេចឡើង។
- ទារកនឹងបត់ម្រាមដៃនៅពេលដែលមានអ្វីមកប៉ះនឹងបាតដៃ។
- ស្ទើរតែមិនគួរជឿទេថាក្រយៅដៃរបស់ទារកបានលេចរូបរាងក្នុងកំឡុងពេលនេះ តែនេះជាការពិត!
- ទំហំជាមធ្យមក្នុងសប្តាហ៍ទី៩៖ ប្រវែង ២,៣សង់ទីម៉ែត្រ និងមានទំងន់ ២ក្រាម។
- សប្តាហ៍ទី10
- ការវិវឌ្ឍនៃសរីរាង្គសំខាន់ៗដែលចាំបាច់ភាគច្រើនរបស់ទារកបាន ធ្វើឡើងចប់សព្វគ្រប់។ ចាប់ពីពេលនេះនទៅអ្នកនឹងចូលដល់ដំណាក់កាលដែលទារកមានការលូត លាស់ឆាប់រហ័ស។
- ទំហំក្បាលរបស់ទារកគឺកើនដល់ពាក់កណ្តាលនៃ ទំហំនៅពេលកើត។ ហើយមិនយូរប៉ុន្មានខួរក្បាលរបស់គេចាប់ផ្តើមវិវឌ្ឍយ៉ាងងឆាប់រហ័ស។
- ចាប់ផ្តើមវិវឌ្ឍត្របកភ្នែក។ ហើយក្នុងពេលជាមួយគ្នានេះពណ៌ភ្នែកក៏ត្រូវបានកំណត់ដែរ។
- សុកចាប់ផ្តើមដំណើរការរបស់ខ្លួនក្នុងសប្តាហ៍ នេះឬសប្តាហ៍ក្រោយ។ សុកគឺជាសរីរាង្គដែលរ៉ាប់រងទាំងការផ្តល់ចំណីដល់ទារកនិងនាំកាក សំណល់ចេញពីទារក។
- ទារករបស់អ្នកនឹងមានប្រវែង ៣,១សង់ទីម៉ែត្រ និងមានទំងន់ ៤ក្រាមនៅចុងសប្តាហ៍នេះ។
- សប្តាហ៍ទី ១១
- រូបរាងគ្រោងនិងសរីរាង្គស្ទើរតែទាំងអស់លេចរូបរាងឡើង និងមានដំណើរការទៅតាមតួនាទីរៀងៗខ្លួន។
- ម្រាមដៃនិងម្រាមជើងញែកចេញពីគ្នា។
- សក់នឹងក្រចកចាប់ផ្តើមដុះ។
- ប្រដាប់ភេទចាប់ផ្តើមលេចចេញ ដែលនៅតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះអ្នកនឹងដឹងថាទារករបស់អ្នក ជាស្រីឬប្រុសនៅពេលដែលអ្នកទៅពិនិត្យអេកូ។
- ទឹកភ្លោះចាប់ផ្តើមកើនឡើងនិងចាប់ផ្តើម ប្រត្តិបត្តិការណ៍របស់វា។ ទឹកភ្លោះគឺជាសារធាតុរាវដែលជួយការពារនិងបង្កលក្ខណៈងាយស្រួលដល់ ការលូតលាស់របស់ទារកនៅក្នុងស្បូន។
- សាច់ដុំនៅក្នុងជញ្ជាំងពោះវៀនចាប់ផ្តើមមានដំណើរការ។
- ទារករបស់អ្នកនឹងមានប្រវែងប្រហែល ៤,១សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ៧ក្រាម។
- សប្តាហ៍ទី ១២
- សរសៃពួរសំលេងចាប់ផ្តើមបង្កើតឡើង។
- ភ្នែកដែលចេញជារូបរាងហើយនោះ ចាប់ផ្តើមខិតចូលជិតគ្នា។
- ត្រចៀករំកិលមកទីតាំងដែលត្រឹមត្រូវ។
- ពោះវៀនខិតទៅទីតាំងរបស់វានៅក្នុងពោះទារក។
- ថ្លើមចាប់ផ្តើមដំណើរការរបស់វា៖ សំអាតឈាម ផ្តុកសារជាតិដែលធ្វើអោយរាងកាយធំធាត់ និងផ្តល់ជីវជាតិចាំបាច់ដែលសរីរាង្គត្រូវការ។
- លំពែងចាប់ផ្តើមផលិតអាំងស៊ុយលីន ដែលជាអ័រម៉ូនម៉្យាងដែលមាននាទីបង្កើតកោសិកានៅក្នុងថ្លើម សាច់ដុំ ខ្លាញ់ក្នុងជាលិកានិងនាំជាតិស្ករចេញពីក្នុងឈាម។
- នៅចុងសប្តាហ៍នេះ ទារករបស់អ្នកនឹងមានប្រវែងប្រហែល ៥,៤សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ១៤ក្រាម។
- សប្តាហ៍ទី ១៣
- ទារករបស់អ្នកមានប្រវែងជាមធ្យម៧,៤សង់ទីម៉ែត្រ និងមានទំងន់ ២,៣ក្រាម ។ ទំហំនេះប្រហាក់ប្រហែលនឹងទំហំកាលពីសប្តាហ៍មុន។
- ភ្នែកនិងត្រចៀកបន្តការវិវឌ្ឍ
- ករបស់ទារកវែងឡើងជាលំដាប់ ហើយចង្ការបស់គេលែងស្ថិតនៅលើដើមទ្រូងទៀតហើយ។
- ដៃទារកកាន់លូតលាស់។
- ក្នុងដំណាក់កាលនេះទារកទទួលចំណីដែលមាតាបរិភោគតារយៈសុក។
- សប្តាហ៍ទី ១៤
- ក្រពេញទីរ៉ូអ៊ីតមានរូបរាងនិងមុខងារពេញលេញ។ ទារករបស់អ្នកចាប់ផ្តើមផលិតអ័រម៉ូនភេទដែលចាប់បាច់សំរាប់ជីវិតរបស់គេ។
- សំរាប់ទារកភេទប្រុស ក្រពេញប៉្រូស្តាតចាប់ផ្តើមវិវឌ្ឍ។
- សំរាប់ទារកភេទស្រីអូវែរំកិលចេញពីពោះមកឆ្អឹងត្រគាក។
- កាយវិការទារករបស់អ្នកហាក់ដូចជាគេកំពុងរៀនបៀមមេដៃ។
- ឆ្អឹងទារករឹងនិងមាំមួនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
- ស្បែករបស់គេនៅតែថ្លាដដែល។
- ទារកចាប់ផ្តើមមានរោមឆ្មារៗដែលគ្របដណ្តប់ពេញខ្លួន ហើយរោមនេះនឹងបន្តលូតលាស់រហូតដល់សប្តាហ៍ទី២៦។ ជាទូទៅរោមនេះនឹងជ្រុះនៅមុនពេលទារកកើត។ រោមនោះមាននាទីការពារស្បែករបស់ទារកនៅក្នុងទឹកភ្លោះ។
- ទារករបស់អ្នកមានប្រវែងជាមធ្យម៨,៧សង់ទីម៉ែត្រ និងមានទំងន់ ៤៣ក្រាម ។
- សប្តាហ៍ទី ១៥
- អ្នកហាក់ដូចជាមានអារម្មណ៍ថាមានចលនារវិចរវើកនៅក្នុងពោះ នោះគឺដោយសារទារកចាប់ផ្តើមធាក់ ត្រលប់ខ្លួន រើចុះឡើង (ប៉ុន្តែកុំបារម្ភប្រសិនបើទារករបស់អ្នកនៅមិនទាន់មានចលនាទាំង នេះ)។ ទារកថែមទាំងអាចចាប់កាន់ កំរើកប្រស្រីភ្នែក ចងចិញ្ចើម ពេបមាត់ ហើយប្រហែលជាចេះបៀមមេដៃទៀតផង។
- ជើងរបស់ទារកលូតលាស់វែងជាងដៃ ហើយខ្លួនរបស់គេក៏ចាប់ផ្តើមមានប្រវែងវែងជាងក្បាល។
- ដែនិងជើងរបស់គេអាចកំរើកបាន។
- ស្បែករបស់គេនៅស្តើង ដែលអាចអោយយើងមើលឃើញអស់សរសៃឈាម ដែលស្បែកនេះគ្រប់ដណ្តបដោយរោមស្តើងឆ្មារដែលមានឈ្មោះថា Lanugo (រោមឆ្មារ ទន់ មាននាទីការពារស្បែករបស់ទារកនៅក្នុងទឹកភ្លោះ)។
- ឆ្អឹងតូចៗ៣ដែលនៅកណ្តាលត្រចៀករបស់ទារកចាប់ផ្តើមរឹង។ មជ្ឈមណ្ឌលសោតវិញ្ញាណនៅក្នុងខួរក្បាលរបស់ទារកមិនទាន់វិវឌ្ឍនៅឡើយ ទេ ដូច្នេះ ទារកមិនទាន់អាចស្តាប់បាននូវអ្វីដែលអ្នកនិយាយជាមួយគេបាននៅឡើយ ទេ។
- ក្រចកដៃនិងក្រចកជើងរីកធំ។
- ចិញ្ចើមចាប់ផ្តើមលេចចេញ។ សក់នៅនៅក្បាលរបស់គេក៏ចាប់ផ្តើមដុះដែរ។ ដែលសក់និងរោមចិញ្ចើមអាចនឹងប្តូរពណ៌និងទំរង់នៅពេលដែលទារកកើត។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម១០,១សង់ទីម៉ែត្រ និងមានទំងន់ ៧០ក្រាម ។
- សប្តាហ៍ទី ១៦
- ខ្លាញ់ចាប់ផ្តើមតំរៀបនៅក្រោមស្បែក បង្ហាញពីភាពខុសប្លែករបស់ទារកទៅនឹងសប្តាហ៍មុនៗ។
- ទារកនិងសុកនៅពេលនេះមានទំហំប៉ុនគ្នា។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម១១,៦សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ១០០ក្រាម។
- ក្បាលនិងករបស់ទារកចាប់ផ្តើមត្រង់ជាមុន។
- សប្តាហ៍នេះពិសេសជាងសប្តាហ៍មុនៗ!! អ្នកអាចលឺសំលេងចង្វាក់បេះដូងរបស់គេ ហើយថែមទាំងដឹងទៀតផងថាទារករបស់អ្នកជាស្រីឬប្រុសនៅពេលដែលអ្នក ទៅពិនិត្យអាកូ។
- បេះដូវរបស់គេច្របាច់ឈាមបានដល់ទៅ ៦ហ្កាឡន (ប្រមាណ ៤០លីត្រ) ក្នុង១ថ្ងៃ និង ចង្វាក់បេះដូងរបស់គេលោតលើសចង្វាក់បេះដូងរបស់អ្នក២ដង។
- ទារករបស់អ្នកចាប់ផ្តើមរៀនដកដង្ហើមហើយ! តើមិនមែនជាការអស្ចារ្យទេឬដែលគេអាចដកដង្ហើមក្នុងទឹកបាន!? គេចាប់ផ្តើមស្រូបចូលនិងបញ្ចេញសារធាតុរាវ Amniotic (ជាសារធាតុរាវដែលស្អាតមានពណ៌លឿងខ្ចី នៅជុំវិញទារកមិនទាន់កើត)។ សកម្មភាពនេះជួយក្នុងការវិវឌ្ឍនៃសួតរបស់ទារក។
- សប្តាហ៍ទី ១៧
- មកដល់សប្តាហ៍ទី១៧នេះ ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម១៣សង់ទីម៉ែត្រ និងមានទំងន់ ១៤០ក្រាម។
- ទារកមានរូបរាងមើលពីក្រៅទៅដូចជាមនុស្សពេញលក្ខណៈ។ ក្បាលរបស់គេងើបត្រង់ ហើយខ្លួននិងអវៈយវៈរបស់គេលូតវែងដែលសមមាត្រទៅនឹងក្បាល។
- សាច់នៅក្រោមក្រចកដៃនិងក្រចកជើងចាប់ផ្តើមដុះ។ មិនយូរប៉ុន្មានខ្ចៅដៃនិងជើងនឹងលេចឡើង។
- ភ្នែករបស់គេនៅតែបិទជិតនៅឡើយ
- Meconium (លាមករបស់ទារកដែលនៅក្នុងផ្ទៃ) នៅក្នុងពោះវៀនកាន់តែកច្រើនឡើងៗ។ សារធាតុខ្មៅទាំងនេះនឹងក្លាយទៅជាលាមកដំបូងបង្អស់របស់ទារកនៅពេល ដែលគេចេញមកឃើញពន្លឺថ្ងៃ។
- ទងផ្ចិតកាន់តែរីកធំនិងមាំមួនឡើងនិងបន្តមុខងារនាំជីវជាតិចំណីអាហារទៅទារក។
- ប្រសិនបើទារករបស់អ្នកជាប្រុសនោះក្រពេញប៉្រូស្តាតចាប់ផ្តើមវិវឌ្ឍ។
- គ្រោងឆ្អឹងរបស់គេវិវឌ្ឍពីឆ្អឹងខ្ចីទៅជាឆ្អឹង។
- សប្តាហ៍ទី ១៨
- Vernix (ជាសារធាតុដែលមានលក្ខណៈដូចជាក្រមួន) លេចចេញនៅលើស្បែករបស់ទារកជាមួយនិង Lanugo (រោមទន់ៗដែលគ្រប់ដណ្តប់ពេញទាំងខ្លួននិងអវៈយវៈរបស់ទារក)។ តួនាទីរបស់ធាតុទាំង២នេះ គឺការពារស្បែករបស់ទារកដែលត្រូវត្រាំរាប់ខែនៅក្នុងទឹកភ្លោះ។
- សុកកាន់តែរីកធំឡើងៗ និងបន្តនាំចំណីទៅចិញ្ចឹមទារក។
- ថង់តូចមួយដែលគេហៅថា alveoli បានលេចរូបរាងឡើងនៅក្នុងសួតរបស់ទារក។ ថង់នេះនឹងជួយអោយសួតរបស់គេមានដំណើរការល្អតែប៉ុន្មានខែខាងមុខនេះប៉ុណ្ណោះ។
- បំពង់សំលេងរបស់ទារកលេចឡើង។
- បេះដូងរបស់គេមានចែកជាថតរួចជាស្រេច។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម១៤,២សង់ទីម៉ែត្រ និងមានទំងន់ ១៩០ក្រាម។
- សប្តាហ៍ទី ១៩
- ទារករបស់អ្នកដែលនៅក្នុងផ្ទៃ វាដេកនិងភ្ញាក់ទៅតាមបែបផែនដូចជាទារកដែលទើបនឹងកើត។ គេមានឥរិយាបទនៅពេលគេងទៅតាមចំណង់ចំណូលចិត្តរបស់គេ ហើយគេចាប់ផ្តើមដឹងពីពេលដែលត្រូវមានសកម្មភាពនិងពេលសំរាក។
- នៅក្នុងសារពាង្គកាយទាំងមូលរបស់ទារក សរសៃប្រសាទចាប់ផ្តើមគ្របដណ្តប់ដោយសារធាតុខ្លាញ់ម៉្យាងដែលគេហៅថា Myelin ដែលមាននាទីញែកសរសៃប្រសាទនានាពីគ្នា។
- ស្បែកក្បាលចាប់ផ្តើមលេចរូបរាងឡើងនៅក្នុងសប្តាហ៍នេះ ហើយនឹងមានដុះជាពន្លកសក់។
- កោសិកាដែលបង្កជាធ្មេញទឹកដោះរបស់ទារកវិវឌ្ឍរួចជាស្រេច ហើយនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកោសិកាដែលបង្កជាធ្មេញអចិន្ត្រៃយ៍ ក៏នឹងលេចចេញរូបរាងឡើងដែរ។
- ប្រសិនបើទារកជាស្រី ស្បូនចាប់ផ្តើមវិវឌ្ឍ ហើយស្របពេលជាមួយគ្នានោះ រន្ធយោនី និងដៃស្បូនក៏លេចឡើងដែរ។
- ប្រសិនបើទារកជាភេទប្រុសនោះ ប្រដាប់ភេទរបស់គេលេចរូបរាងជាក់លាក់ និងអាចមើលដឹងបាន។
- ទារកលេបទឹកភ្លោះ ហើយបង្កើតជាទឹកនោម។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម១៥,៣សង់ទីម៉ែត្រ និងមានទំងន់ ២៤០ក្រាម។
- សប្តាហ៍ទី ២០
- មកទល់ពេលនេះគឺអ្នកមកដល់ពាក់កណ្តាលផ្លូវហើយ!
- ដំណាក់កាលនៃការវិវឌ្ឍរបស់សរីរាង្គនានាជិតដល់ពេលបញ្ចប់ហើយ។ ដំណាក់កាលបន្ទាប់គឺជា ដំណាក់កាលនៃការរីកធំធាត់ដើម្បីរស់រានមានជីវិត។
- បេះដូងរបស់ទារកកាន់តែមាំមួនឡើង។ ប្រសិនបើអ្នកគេងផ្ងារអោយត្រង់ រួចរកចង្វាក់បេះដូងរបស់អ្នកតាមរយៈជីពចររបស់ខ្លួន បន្ទាប់មកយកដៃរបស់អ្នកម្ខាងទៀតដាក់លើពោះអ្នក នោះអ្នកនឹងអាចបែងចែកពីចង្វាក់បេះដូងរបស់អ្នកនិងទារកនៅក្នុង ផ្ទៃអ្នកជាមិនខាន។
- ជើងរបស់ទារកនៅពេលនេះគឺមានសមាមាត្រទៅនឹងទំហំពិត។ ហើយមានលេចឡើងនូវសាច់ដុំទៀតផង។
- ប្រព័ន្ធភាពស៊ាំនៅពេលនេះគឺចាប់ផ្តើមធ្វើការបញ្ជូនពីអ្នកទៅ ទារក។ កោសិកានៃប្រព័ន្ធភាពស៊ាំទាំងនេះនឹងការពារទារកពីមេរោគនានា។
- កាសិការឃានប្រសាទ សោតប្រសាទ ជីវ្ហាប្រសាទ ចក្ខុប្រសាទ និងកាយប្រសាទ កំពុងតែវិវឌ្ឍទៅតាមទីតាំងជាក់លាក់នៅក្នុងខួរក្បាលរបស់ទារក។
- ទារកចាប់ផ្តើមភ្ញាក់កន្ត្រាក់នឹងសំលេង ខ្លាំងៗ។ ពិតជាគួរអោយអស្ចារ្យណាស់មែនទេ!! ពេលនេះគេអាចស្តាប់បានពីសំលេងដែលនៅក្រៅស្បូនបាន។ ចាប់ពីពេលនេះទៅ ជាពេលដែលទារកចាប់ផ្តើមត្រងត្រាប់ស្តាប់នូវអ្វីដែលអ្នកនិយាយជាមួយ គេ។
- ប្រសិនបើទារកជាកូនស្រី ស្បូនរបស់គេដែលកំពុងតែលូតលាស់នោះ នឹងផលិតជាពងបានដល់ទៅប្រហែលជា៦លានឯណោះ ដែលក្នុងនោះនឹងនៅសល់ប្រហែល១លាននៅពេលកើត។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម១៦,៤សង់ទីម៉ែត្រ និងមានទំងន់ ៣០០ក្រាម។
- សប្តាហ៍ទី ២១
- ចាប់ផ្តើមផលិតគោលិកាឈាមស។ គោលិកាឈាមស (Leukocytes) នឹងក្លាយជាប្រព័ន្ធការពាររាងកាយដែលការពាររាងកាយទារកទប់ទល់នឹង ការឆ្លងនិងជំងឺនានា។
- ស្បែករបស់ទារកប្រែពីថ្លាឆ្លុះដល់ក្នុងមកជាស្រអាប់។
- អណ្តាតរបស់ទារកមានរូបរាងពេញបរិបូរ។
- ក្នុងសប្តាហ៍នេះ ទារកលេបទឹកភ្លោះច្រើនជាងសប្តាហ៍មុន។ បន្ទាប់ពីទារកលេបទឹកភ្លោះ រាងកាយរបស់គេស្រូបយកជាតិទឹកនិងបញ្ចេញសំណល់ទៅក្នុងពោះវៀន។
- ទារកដេក និងភ្ញាក់មានភាពជាក់លាក់ជាងមុន។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម២៦,៧សង់ទីម៉ែត្រ និងមានទំងន់ ៣៦០ក្រាម។
- សប្តាហ៍ទី ២២
- ទារកនៅក្នុងផ្ទៃរបស់អ្នកឥឡូវនេះគេអាចស្តាប់ការសន្ទនារបស់ង្នក បានច្បាស់ជាងមុន! នៅពេលដែលអ្នកនិយាយ អ្នកអាន ឬអ្នកច្រៀង…គេអាចស្តាប់បានទាំងអស់។ ការសិក្សាថ្មីបង្ហាញថាទារកទើបនឹងកើត ជក់ចិត្តនឹងសៀវភៅ ឬរឿង ឬចំរៀងដែលគេធ្លាប់បានស្តាប់ជាញឹកញយនៅពេលដែលគេនៅក្នុងផ្ទៃ ម្តាយ។
- ត្របកភ្នែកនិងចិញ្ចើម លេចចេញពេញលក្ខណៈ។
- ក្រចកដៃដុះរបស់ដល់ចុងនៃម្រាមដៃ។
- អ្នកត្រៀមខ្លួនចាំតែឆ្លើយនឹងសំណួរ “ម៉េចចឹង!?” របស់គេទៅ! សំណុំខួរក្បាលរបស់ទារកពេលនេះចូលដល់ដំណាក់កាលលូតលាស់យ៉ាងឆាប់ រហ័ស។
- សួតរបស់ទារកចាប់ផ្តើមបំផ្លាញចោលសារធាតុ bilirubin ដែលជាសារធាតុម៉្យាងដែលបង្កដោយគោលិកាឈាមបក្រហម។
- ប្រសិនបើទារកជាក្មេងប្រុសនោះ ស្ពែរម៉ាតូសូអ៊ីតដំបូងត្រូវបានផលិតនៅក្នុងសប្តាហ៍នេះ។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម២៧,៨សង់ទីម៉ែត្រនិងមានទំងន់៤៣០ ក្រាម។
- សប្តាហ៍ទី ២៣
- រូបរាងរបស់ទារកនៅពេលនេះ គឺសមាមាត្រទៅនឹងទារកដែលទើបនឹងកើត បើទោះបីជាទារកនៅពេលនេះមិនទាន់មានសារធាតុខ្លាញ់នៅក្នុងខ្លួន នៅឡើយក្តី។
- ឆ្អឹងដែលនៅកណ្តាលត្រចៀករឹងឡើងជាលំដាប់។
- ទំរង់ភ្នែករបស់ទារកត្រូវបានស្ថាបនាជាស្ថាពរបើទោះបីជាប្រស្រីភ្នែករបស់គេនៅមិនទាន់មើលឃើញក៏ដោយ។
- លំពែងចាប់ផ្តើមផលិតអាំងស៊ុយលីនដែលមាននាទីសំខាន់ក្នុងការចាត់ចែងជាតិស្ករនៅក្នុងខ្លួន។
- ប្រសិនបើមានករណីដែលទារកកើតនៅពេលនេះ ឱកាសដែលទារកអាចមានជីវិតមានតែ១៥%តែប៉ុណ្ណោះ។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម២៨,៩សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ៥០១ក្រាម។
- សប្តាហ៍ទី ២៤
- ក្នុងសប្តាហ៍នេះទារករបស់អ្នកនឹងឡើងទំងន់១៧០ក្រាមលើសសប្តាហ៍ មុន។ នេះដោយសារតែសាច់ដុំ ឆ្អឹង និងសារពាង្គកាយផ្សេងៗទៀតលូតលាស់រហ័ស។
- រាងកាយរបស់គេចាប់ផ្តើមធំធាត់ឡើងៗជាលំដាប់។
- ជីវ្ហារប្រសាទចាប់ផ្តើមកកើត។ ប្រសិនបើម្តាយបរិភោគអាហារដែលមានរសជាតិចំលែកៗឬល្វីង…ទារកចាប់ ផ្តើមបញ្តេញអាការៈមិនចូលចិត្ត…
- ស្នាមចង្អូរតូចៗនៅលើបាតដៃរបស់ទារកចាប់ផ្តើមលេចឡើង។
- ៧ថ្ងៃបន្ទាប់មកទៀតក្រពេញញើសនឹងចាប់ផ្តើមលេចឡើងនៅក្នុងស្បែករបស់ទារក។
- សួតរបស់គេដែលកំពុងតែលូតលាស់នោះ កំពុងតែបង្កើតជាគោលិកាម៉្យាងដែលជួយបំប៉ោងថង់ខ្យល់បានយ៉ាងងាយ។
- មកដល់សប្តាហ៍នេះ ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៣០សង់ទីម៉ែត្រ និងមានទំងន់ ៦០០ក្រាម។
- សប្តាហ៍ទី ២៥
- គ្រោងឆ្អឹងខ្នងចាប់ផ្តើមផ្គុំឡើង មានសន្លាក់ឆ្អឹង សរសៃតឆ្អឹងនិងឆ្អឹងកងខ្នង។ សារីរាង្គទាំងនេះនឹងជួយការពារសរសៃពួរឆ្អឹងខ្នងដែលមាននាទី បញ្ជូនព័ត៌មានទាំងឡាយនៅក្នុងខ្លួនរបស់ទារក។
- សរសៃឈាមនៅក្នុងសួតចាប់ផ្តើមវិវឌ្ឍ។
- រន្ធច្រមុះរបស់ទារកចាប់ផ្តើមបើក។
- សរសៃប្រសាទនៅជុំវិញមាត់និងបបូរមាត់មានភាពរសជាងមុន។
- រេផ្លិចនៃការលេបអាហារ ចាប់ផ្តើមវិវឌ្ឍ។
- ដៃរបស់ទារកអាចមានចលនានិងកាយវិការច្រើនជាងមុន។ គេអាចក្តាប់របស់អ្វីដែលមាននៅលើបាតដៃ។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៣៤,៦សង់ទីម៉ែត្រ និងមានទំងន់ ៦៦០ក្រាម។
- សប្តាហ៍ទី ២៦
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៣៥,៦សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ៧៦០ក្រាម។
- ដើម្បីទ្រទ្រង់រាងកាយរបស់ទារក ឆ្អឹងខ្នងរបស់គេមាំមួននិងអាចបត់បែនឡើងជាលំដាប់។
- ថង់ខ្យល់ក្នុងសួតលេចរូបរាងជាក់លាក់ឡើង។
- សួតរបស់ចាប់ផ្តើមបង្កើតសារធាតុម៉្យាងដែលមានជាតិខ្លាញ់ច្រើន ដែលគេហៅថា surfactant ។ ប្រសិនបើគ្មានសារធាតុនោះទេ សួតរបស់ទារកនឹងស្អិតចាប់គ្នា ហើយមិនអាចរីកបានទេនៅពេលដែលទារកកើត។
- ភ្នែករបស់ទារកអ្នកដែលបិទប៉ុន្មានខែមកនេះចាប់ផ្តើមបើកនិងព្រិចនៅក្នុងសប្តាហ៍នេះហើយ។
- ប្រស្រីភ្នែកចាប់ផ្តើមលេចរូបរាងឡើង។
- ខួរក្បាលរបស់ទារកនៅពេលនេះអាចកំនត់អ្វីដែលគេលឺនិងឃើញបាន និងមានប្រតិកម្មចំពោះអ្វីដែលមកប៉ះនឹងគេ។ ប្រសិនបើអ្នកបញ្ចាំងភ្លើងទៅលើពោះរបស់អ្នក ទារករបស់អ្នកនឹងងាកក្បាលចេញ ដែលនេះមានន័យថាសរសៃចក្ខុប្រសាទរបស់គេកំពុងតែធ្វើការ។
- សប្តាហ៍ទី ២៧
- ខួរក្បាលរបស់ទារកបន្តលូតលាស់។ សូមអ្នកកុំភ្លេចចែករំលែកចំរៀង សន្ទនា និងអានសៀវភៅជាមួយគេផង។
- ការឆ្លើយតបនឹងស្នូរដែលគេលឺមានសភាបជាក់លាក់ឡើង។
- សួតរបស់ទារករីកធំឡើង និងត្រៀមលក្ខណៈដំណើរការខ្លួននៅពេលដែលទារកចេញពីស្បូន។
- ទារកបន្តការដកដង្ហើមតិចៗរបស់ខ្លួន បើទោះបីជាគេដកដង្ហើមនៅក្នុងទឹកមិនមែនជាខ្យល់ក៏ដោយ។
- ត្របកភ្នែកបើកធំជាងមុន។ ទារកអាចបែងចែកភាពងងឹតនិងភាពភ្លឺបាន។
- ប្រស្រីភ្នែកដែលកកើតពីសប្តាហ៍មុន ពេលនេះបានលេចរូបរាងស្រេចបាច់ហើយ។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៣៦,៦សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ៨៧៥ក្រាម។
- សប្តាហ៍ទី ២៨
- រោមចិញ្ចើមនិងរោមភ្នែករបស់ទារកដុះចេញមកវែងៗ។
- សក់របស់ទារកក៏ដុះវែងជាងមុនដែរ។ មានទារកខ្លះពេលកើតមកគ្មានសក់មួយសរសៃ ប៉ុន្តែខ្លះទៀតក៏មានសក់វែងហើយក្រាស់ទៀតផង។
- ភ្នែករបស់ទារកបានវិវឌ្ឍចប់សព្វគ្រប់ហើយ!
- ខ្លួនរបស់ទារកចាប់ផ្តើមញាត់សាច់ មើលទៅទ្រលុចៗ។ អ្វីដែលរីធំធាត់ខ្លាំងគឺ សាច់ដុំ និងឆ្អឹង។
- សាច់ខ្ជិបវិវឌ្ឍប្រសើរឡើង។
- ពេលនេះសួតមានលទ្ធភាពអាចដកដង្ហើមបានហើយ។ ប៉ុន្តែប្រសិនបើមានករណីពិសេសដែលទារកកើតក្នុងកំឡុងពេលនេះ ទារកនៅមានការលំបាកច្រើននិងនៅតែត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ។
- អ្នកគួរតែនិយាយជាមួយគេអោយបានច្រើន អានសៀវភៅ ច្រៀងអោយគេស្តាប់…ទារកអាចស្គាល់សំលេងរបស់អ្នកបានហើយ!
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៣៧,៦សង់ទីម៉ែត្រ និងមានទំងន់ ១០០៥ក្រាម ។
- សប្តាហ៍ទី ២៩
- ក្បាលរបស់ទារកសមាមាត្រទៅនឹងដងខ្លួនរបស់គេហើយ។ ទារកលែងមានរូបរាងដូបមនុស្សភពក្រៅហើយ!
- ខ្លាញ់កើនឡើងជាលំដាប់នៅក្រោមស្បែក។
- ខួរក្បាលរបស់ទារកអាចបញ្ជារលើការដកដង្ហើមជំហានដំបូងរបស់គេនេះនិងគ្រប់គ្រងសីតុណ្ហភាពនៅក្នុងខ្លួន។
- ប្រស្រីភ្នែកងាកឆ្វេងស្តាំងបាន។ បន្តិចទៀតភ្នែករបស់ទារកនឹងអាចបិទបើកបាន។
- ទារករបស់អ្នកចាប់ផ្តើមមានរំញោច មានរស (Sensitive)ច្រើនជាងមុន ទៅនឹងពន្លឺ សំលេង រសជាតិ ក្លិនជាដើម។
- ទារកថែមទាំងអាចងាកពីម្ខាងទៅម្ខាងបានទៀត ផង។ ប៉ុន្តែក្បាលរបស់ទារកកនៅបញ្ឈរទៅលើនៅឡើយ។ នៅ២ឬ៣សប្តាហ៍ទៀតទារកនឹងអាចត្រលប់ក្បាលចុះក្រោម តាមឥរិយាបថដែលត្រៀមកើត។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៣៨,៦សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ១១៥៣ក្រាម។
- សប្តាហ៍ទី ៣០
- ក្បាលរបស់ទារករីកធំជាងមុន ដោយសារតែខួរក្បាលរបស់គេរីកលូតលាស់រហ័ស។ សូមអ្នកកុំភ្លេចសន្ទនាជាមួយគេ នេះអាចចាត់ទុកជាការបង្រៀនឬបង្វឹកខួរក្បាលរបស់គេអោយមានការរីក ចំរើន។
- ទឹកភ្លោះដែលនៅក្នុងថង់ទេកភ្លោះមានចំណុះជិត១លីត្រ។ ដោយសារទារកលូតលាស់ធំជាងមុនទើបបរិមាទឹកភ្លោះត្រូវថយចុះ។
- ទារកហ្វឹកហាត់បើកបិទភ្នែកច្រើនជាងមុន។ ភ្នែករបស់គេអាចតាមសំលឹងមើលតាមពន្លឺនៅខាងក្រៅបាន។
- រោមដំបូង lanugo ដែលដុះពាសពេញស្បែក ដើម្បីការពារស្បែករបស់ទារកនៅក្នុងទឹកភ្លោះចាប់ផ្តើមជ្រុះ។ ពេលនេះរោមថ្មីរបស់ទារកដុះឡើង (រោមដែលយើងមើលឃើញនៅពេលទារកកើត)។
- ក្រចកដៃក្រចកជើងលូតលាស់ចប់សព្វគ្រប់ហើយ។
- ខួរឆ្អឹងទទួលបន្ទុកផលិតគោលិកាឈាមក្រហម។ គោលិកាឈាមក្រហមនេះនឹងបន្តដឹកជញ្ជូនអុកស៊ីសែនចូលនិងនាំ ចេញជាតិពុលផ្សេងៗ (កាបូនម៉ូណូអុកស៊ីត និងឧស្ម័នផ្សេងៗ) ពីក្នុងខ្លួនរបស់ទារក។
- ទារករបស់អ្នកនៅពេលនេះមានលទ្ធភាពបង្កើតទឹកភ្នែកបានហើយ!
- មកដល់សប្តាហ៍នេះ ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៣៩,៩សង់ទីម៉ែត្រ និងមានទំងន់ ១៣១៩ក្រាម។
- សប្តាហ៍ទី ៣១
- ការរីកលូតលាស់របស់ទារកថយចុះបន្តិច។ ប៉ុន្តែថ្វីបើប្រវែងរបស់ទារកនៅដដែលក៏គេឡើងទំងន់ដែរ។
- ខ្លាញ់នៅក្នុងស្បែកបន្តកើនឡើង គឺខ្លាញ់នេះហើយធ្វើស្បែករបស់ទារកដែលនៅក្នុងផ្ទៃឡើងពណ៌ផ្កាឈូកព្រឿងៗដូចទារកទើបនឹងកើត។
- កាល់ស្យូម ប៉ូតាស្យូម និងជាតិដែកដែលនៅក្នុងឆ្អឹងរបស់ទារកនេះហើយដែលធ្វើអោយឆ្អឹងរបស់គេវឹងមាំ។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៤១,១សង់ទីម៉ែត្រ និងមានទំងន់ ១៥០២ក្រាម។
- ខួរក្បាលរបស់គេបង្កើតកោសិកាប្រសាទបានរាប់ពាន់លាន! ពិតជាអស្ចារ្យមែន!
- ទារកអាចនឹងរើ កំរើកទៅតាមចង្វាក់ភ្លេង។
- សួតគឺជាសរីរាង្គតែមួយគត់ដែលនៅមិនទាន់វិវឌ្ឍរួចរាល់។
- សប្តាហ៍ទី ៣២
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៤២,៤សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ១៧០២ក្រាម។
- អ្នកច្បាស់ជាកត់សំគាល់ថាទារកហាក់ដូចជាមិនសូវធ្វើចលនាដូចមុន សោះក្នុងសប្តាហ៍នេះ។ កុំបារម្ភអី! គេមិនអីទេ! ដោយសារទារកធំធាត់ជាងមុនទើបធ្វើអោយមជ្ឈដ្ឋានរបស់គេតូចចង្អៀត ដូច្នេះហើយទើបកាយវិការរបស់គេត្រូវថមថយជាងមុន។
- វិញ្ញាណទាំង៥មានដំណើរការហើយ!
- ការថតឆ្លុះខួរក្បាល បង្ហាញថាខួរក្បាលរបស់ទារកចាប់ផ្តើមមានរូបភាពនៃសុបិន(REM)នៅពេលដែលទារកដេក។
- សប្តាហ៍ទី ៣៣
- បរិមាណទឹកភ្លោះឡើងដល់អតិបរមារសំរាប់គត៌របស់អ្នក។
- កោសិកាកាយប្រសាទ (Neurons ) និងសរសៃភ្ជាប់ (synapses) កើនឡើងយ៉ាងសម្បើម ដែលផ្តល់លទ្ធភាពដល់់ទារកក្នុងការបញ្ជារកាយវិការនានានៅពេលកើត។
- នៅពេលឆ្អឹងរបស់ទារកភាគច្រើនមានភាពវឹងមាំជាងមុន ឆ្អឹងក្បាលរបស់គេបែរជាទន់និងមិនទាន់ភ្ជាប់គ្នានៅឡើយ។ ដែលនេះផ្តល់ភាពងាយស្រួលដល់មាតានៅពេលសំរាល។
- ទារកចេះដកដង្ហើមវែងៗ។
- ប្រសិនបើទារកជាកូនប្រុស ពងស្វាសរបស់គេចាប់ផ្តើមធ្លាក់ចេញពីក្នុងពោះមកទីតាំងកំណត់។ មានករណីខ្លះពងស្វាសរបស់ទារកមិនធ្លាក់ចុះមករហូតដល់ពេលកើត។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៤៣,៧សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ១៩១៨ក្រាម។
- សប្តាហ៍ទី 34
- ទារករបស់អ្នកមានកាយវិការដូចជាទារកដែលទើបនឹងកើត គេបើកភ្នែកនៅពេលភ្ញាក់និងបិទភ្នែកនៅពេលគេង។ អ្នកហាក់ដូចជាមានអារម្មណ៍ទារកនៅក្នុងផ្ទៃរបស់អ្នកហាក់ ដូចជាមានសកម្មភាពជាទំលាប់នៅពេលគេងនិងភ្ញាក់។
- ទារករៀនព្រិចភ្នែក។ ទារកអាចមើលឃើញច្បាស់ជាងមុននៅពេលដែលមានពន្លឺចាំងមកពោះរបស់អ្នក។
- អង្គបដិបក្ខ () នៅក្នុងឈាមរបស់អ្នកនៅត្រូវបញ្ចូនទៅទារក។ ប្រព័ន្ធភាបស៊ាំនេះនឹងបន្តស្ថាបនាខ្លួនរហូតដល់ពេលដែលទារកកើត។ បន្តាប់មកការបំបៅទារកដោយទឹកដោះនឹងជួយការពារទារកបន្ថែមទៀត ប្រឆាំងនឹងជំងឺផ្សេងៗ។
- ទារករបស់អ្នកអាចនឹងបង្វែរក្បាលចុះក្រោមរួចជាស្រេច ដើម្បីត្រៀមកើត។ ប្រសិនបើទារកជាកូនដំបូង គេអាចនឹងមានទីតាំងនៅនឹងឆ្អឹងត្រគាករបស់អ្នកហើយក្បាលរបស់គេនឹង សង្កត់មកលើកស្បូនរបស់អ្នក។
- ក្រចកដៃដុះមកដល់ចុងម្រាមហើយ។ ទារកអាចនឹងអេះមុខរបស់គេនៅមុនពេលកើត!។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៤៥សង់ទីម៉ែត្រ និងមានទំងន់ ២១៤៦ក្រាម ។
- សប្តាហ៍ទី 35
- មកដល់សប្តាហ៍នេះ ប្រសិនបើទារកកើត គេអាចនឹងរស់រានមានជីវិតដោយមកមានបញ្ហាអ្វីកើតឡើងនៅពេលខាងមុខឡើយ។
- ខ្លាញ់កើនឡើង ហើយជ្រៀតចូលដល់ដៃនិងជើងរបស់ទារកក្នុងសប្តាហ៍នេះ។ ស្រទាប់ខ្លាញ់នេះជួយអោយសីតុណ្ហភាពក្នុងរាងកាយរបស់ទារកមានភាព ប្រក្រតី។
- សោតប្រសាទរបស់គេមានដំណើរការពេញលេញហើយ ដូច្នេះអ្នកមិនត្រូវភ្លេចនិយាយជាមួយគេឡើយ!
- អ្នកប្រកដជាមានអារម្មណ៍ថាមានសភាពតឹង ណែនក្នុងពោះ។ ទារករីកធំធាត់ជាលំដាប់ដែលស្ទើរតែដល់ទំហំអប្បបរមានៃស្បូន ហើយអ្នកប្រាកដជាមានការតឹងណែនរហូតដល់ដើមទ្រូង។ តែមិនយូរប៉ុន្មានទេ ទារកនឹងរំកិលចុះក្រោមបន្តិចដែលអាចអោយអ្នកដកដង្ហើមបានស្រួលឡើង វិញមិនខាន។
- ចំពោះទារកប្រុស ពងស្វាសរបស់គេធ្លាក់ចុះក្រោម១០០%ហើយ។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៤៦,២សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ២៣៨៣ក្រាម។
- សប្តាហ៍ទី 36
- ទារករបស់អ្នកជិតត្រៀមខ្លួនស្រេចបាច់ហើយ! នៅសល់តែសួតប៉ុណ្ណោះដែលត្រូវការវិវិឌ្ឍបន្ថែម។
- សប្តាហ៍នេះទារករំកិលចុះក្រោម ទៅកាន់ផ្លូវដែលគេកើត ដែលពេលនេះអ្នកហាក់ដូចជាអាចដកដង្ហើមបានស្រួលជាងមុនបន្តិច។ ប៉ុន្តែផ្តុយទៅវិញអ្នកដូចជាពិបាកដើរជាងមុនទៅវិញ!
- ខ្លាញ់បានជ្រៀតទៅដល់ចិញ្ចើមនិងជង្គង់ ហើយនឹងបង្កើនបរិមាណរបស់វាក្នុងកនិងចង្កេះរបស់ទារក។
- ស្បែករបស់ទារកឡើងទន់!!
- អញ្ចាញធ្មេញរបស់គេឡើងរឹង។
- ការវិវឌ្ឍនៃក្រលៀនបានធ្វើឡើងចប់សព្វគ្រប់ហើយ ហើយថ្លើមរបស់គេក៏ចាប់ផ្តើមដំណើរការប្រមូលកាកសំណល់ដែរ។
- ទារកនឹងឡើងទំងន់ប្រហែលជា ២៨ក្រាមក្នុង១ថ្ងៃ!
- មកដល់សប្តាហ៍នេះ ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៤៧,៤សង់ទីម៉ែត្រ និងមានទំងន់ ២៦២២ក្រាម។
- សប្តាហ៍ទី 37
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៤៨,៦សង់ទីម៉ែត្រ និងមានទំងន់ ២៨៥៩ក្រាម។
- មកដល់សប្តាហ៍ទារកត្រូវបានគេចាត់ទុកជាផ្លូវការថាស្ថិ តក្នុងដំណាក់កាលពេញនៃត្រីមាស ប៉ុន្តែគេអាចនៅក្នុងស្បូនបន្តបន្តិចទៅមុខទៀត!
- ទារករបស់អ្នកបន្តហ្វឹកហាត់ដកដង្ហើមនៅក្នុងផ្ទៃរបស់អ្នក។
- ទារកអាចក្តាប់ដៃបានយ៉ាងណែន…
- កាលពីប៉ុន្មានសប្តាហ៍មុន ទារកអាចសំលឹងរេតាមពន្លឺ ប៉ុន្តែក្នុងសប្តាហ៍នេះគេងាកទាំងខ្លួនរកពន្លឺនោះតែម្តង!
- ដោយសារនៅពេលនេះស្បូនរបស់អ្នកយឺតខ្លាំងហើយស្តើងដូច្នោះហើយ ទើបធ្វើអោយពន្លឺអាចចាំងចូលបានច្រើនជាងមុន។ ទារកចាប់ផ្តើមហ្វឹកហាត់សកម្មភាពប្រចាំថ្ងៃរបស់ខ្លួន។ ទារកចាប់ផ្តើមធ្វើការបែងចែកពេលថ្ងៃនិងពេលយប់។
- សប្តាហ៍ទី 38
- អ្នកមានបានកត់សំគាល់ទេថាទារករបស់អ្នកត្អើកញឹកញាប់? នោះដោយសារតែគ្មានខ្យល់នៅជុំវិញខ្លួនរបស់គេ។ គេហាត់ដកដង្ហើម ដូច្នេះហើយនៅពេលដែលគេដកដង្ហើមចូលទឹកភ្លោះក៏ជ្រៀតទៅបំពង់ខ្យល់ ដែលបង្កទៅជាត្អើក។ អ្នកមិនភ្ញាក់ផ្អើលទេឬ ដែលទារករបស់ង្នកអាចដកដង្ហើមក្នុងទឹកបាន!?
- កាកសំណល់ (លាមកដំបូង) កើនយ៉ាងច្រើននៅក្នុងពោះវៀនរបស់គេ។ ដែលនៅពេលដែលគេកើតមក ទារកខ្លះមិនទាន់បៅផង ក៏ជុះទៅហើយ!
- ទារកខ្លះមានសក់ពេញក្បាលហើយ!
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៤៩,៨សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ៣០៨៣ក្រាម។
- សប្តាហ៍ទី 39
- រោមដំបូង lanugo ដែលដុះពាសពេញស្បែកជ្រុះជិតអស់ហើយ នៅសល់តែត្រង់ស្មា ដៃនិងជើងដែលទុកដើម្បីការរពារទារកទល់នឹងការកកិត។
- សួតរបស់ទារកមានភាពរឹងមាំដែលត្រៀមជាស្រេចក្នុងដំណើរការដកដង្ហើមនៅក្នុងបរិយាកាស។
- ទារកលែងមានកន្លែងទូលាយសំរាប់ធ្វើចលនាទៀតហើយ!
- ខ្លាញ់បន្តកើនបរិមាណក្នុងខ្លួនទារក។
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៥០,៧សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ៣២៨៨ក្រាម។
- សប្តាហ៍ទី 40
- សារធាតុសៗនៅលើស្បែករបស់ទារកភាគច្រើនបាត់អស់ភ្លាមៗ តែទោះជាយ៉ាងណាក៏អ្នកនៅអាចមើលឃើញតាមគន្លាក់ក គន្លាក់ដៃ…របស់ទារកដែរ។
- ១៥%ក្នុងខ្លួនកូនអ្នកគឺជាខ្លាញ់។ ខ្លាញ់ទាំងនេះជួយរក្សាលំនឹងសីតុណ្ហភាពក្នុងខ្លួនរបស់ទារក។
- ប្រហែលជា៦០ទៅ៧៥%ជាទឹក!
- សួតនៅតែបន្តហ្វឹកហាត់ដក់ដង្ហើមរហូតដល់ពេលកើត។
- ទារកបន្តឡើងទំងន់។ ក្រចកដៃក្រចកជើងក៏លូតវែង។ អ្នកត្រូប្រញាប់កាត់ក្រចកនៅពេលទារកកើត ដើម្បីកុំអោយទារកក្រចៅមុខខ្លួន។
- ចុងដោះលេចចេញមក ចំពោះទារកទាំង២ភេទ។
- សូមចុលរួមអបអរផង ទារករបស់អ្នកនឹងកើតក្នុងពេលប៉ុន្មានថ្ងៃនេះហើយ!!!
- ទារករបស់អ្នកនឹងមានប្រវែងជាមធ្យម៥១,២សង់ទីម៉ែត្រ និងមានទំងន់ប្រហែល ៣៤៦២ក្រាម៕